ទីក្រុងតេហេរ៉ង់៖ អ៊ីរ៉ង់បានបដិសេធយ៉ាងច្បាស់លាស់ក្នុងការបើកច្រកសមុទ្រ Hormuz ជាថ្នូរនឹងបទឈប់បាញ់បណ្តោះអាសន្ន ទោះបីមានផែនការពន្លត់ភ្លើងសង្គ្រាមដែលប៉ាគីស្ថានជាអ្នកដឹកនាំក៏ដោយ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ជាច្រើនដងទៅកាន់ភ្នាក់ងារព័ត៌មាន Reuters ថា៖ «យើងមានជំហរច្បាស់លាស់រួចហើយ។ កុំយកបទឈប់បាញ់បណ្តោះអាសន្នមកដោះដូរជាមួយការបើកច្រកសមុទ្រ Hormuz ឲ្យសោះ។»
ការបដិសេធនេះកើតឡើងនៅពេលដែល Reuters បានរាយការណ៍ថា អាមេរិកនិងអ៊ីរ៉ង់ទទួលបានផែនការក្របខណ្ឌមួយដើម្បីបញ្ឈប់ការវាយប្រហារគ្នា ដែលអាចនឹងចាប់ផ្តើមអនុវត្តនៅដើម្បីសប្តាហ៍នេះ។
ផែនការនេះត្រូវបានរៀបចំឡើងដោយប្រទេសប៉ាគីស្ថាន ដោយមេបញ្ជាការកងទ័ព Asim Munir បានទាក់ទងពេញមួយយប់ជាមួយអនុប្រធានាធិបតីអាមេរិក JD Vance និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi។
យ៉ាងណាក៏ដោយ ផែនការនេះត្រូវបានចែកចេញជាយុទ្ធសាស្ត្រ ២ ដំណាក់កាល។ ដំណាក់កាលទី១ រួមមានការប្រកាសបទឈប់បាញ់ជាបន្ទាន់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ។ សម្រាប់ដំណាក់កាលទី២ ភាគីទាំងពីរត្រូវប្រើពេល ១៥ ទៅ ២០ ថ្ងៃ ដើម្បីចរចាឈានទៅរក «កិច្ចព្រមព្រៀងទីក្រុងអ៊ីស្លាម៉ាបាដ»។
ការបដិសេធរបស់អ៊ីរ៉ង់បង្ហាញពីភាពស្មុគស្មាញនៃវិបត្តិនៅតំបន់ច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសំខាន់សម្រាប់ការនាំចេញប្រេងកាតពិភពលោក។
