ភ្នំពេញ៖ លោកស្រី Cheng Li-wun ប្រធានគណបក្សកូមីងតាំងតៃវ៉ាន់ បានចាប់ផ្ដើមទស្សនកិច្ចរយៈពេល៦ថ្ងៃនៅចិនដីគោកចាប់ពីថ្ងៃទី៧មេសា ដែលត្រូវបានចាត់ទុកថាជាការធ្វើដំណើរប្រវត្តិសាស្ត្រមួយ ដោយជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំថ្មីៗនេះ ដែលប្រមុខគណបក្សប្រឆាំងធំជាងគេនៃតៃវ៉ាន់មកកាន់ចិន។

ទស្សនកិច្ចនេះកើតឡើងក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងធ្វើសម្ពាធលើសមាជិកសភានៃគណបក្សកូមីងតាំង ដើម្បីអនុម័តផែនការលក់អាវុធមានតម្លៃជិត៤០ពាន់លានដុល្លារទៅកាន់តៃវ៉ាន់។ អ្នកជំនាញវិភាគថា ប្រធានាធិបតីចិនលោកស៊ីជីនពីង មានបំណងប្រើទស្សនកិច្ចនេះដើម្បីពង្រឹងទំនាក់ទំនង និងរារាំងការលក់អាវុធថ្មីៗរបស់អាមេរិក។
លោកស្រី Cheng មានបំណងជួបជាមួយលោកស៊ីជីនពីង មុននឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក។ គណបក្សកូមីងតាំង ដែលជាគណបក្សប្រឆាំងធំជាងគេនៃតៃវ៉ាន់ មានគោលបំណងចង់ខិតចូលជិតគ្នាជាមួយក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃបូរណភាពដែនដីរបស់ខ្លួន។

ទស្សនកិច្ចនេះកើតឡើងមុនទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅចិន ដែលធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀត។ ការធ្វើដំណើរនេះសម្គាល់ដោយភាពរសើបនយោបាយខ្ពស់ និងអាចជាចំណុចប្ដូរទិសថ្មីក្នុងទំនាក់ទំនងចិន-តៃវ៉ាន់។
អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា
