អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណពីកាស៊ីណូហ្គាន់ ដាវ (GANG DAO) ដែលស្ថិតនៅក្រុងព្រះសីហនុ បន្ទាប់ពីរកឃើញការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

តាមការស្រាវជ្រាវរបស់អាជ្ញាធរ ក្រុមហ៊ុន ហ្គាន់ ដាវ អ៊ុនធើណេសិនណល អេនធើធេនម៉ិន ឯ.ក បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាន គ.ល.ក. សហការជាមួយកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងកាស៊ីណូនេះ។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបាននាំខ្លួនជនសង្ស័យចំនួន ១០៨នាក់ រួមមានជនជាតិចិន ១០៥នាក់ និងជនជាតិមីយ៉ាន់ម៉ា ៣នាក់។ អាជ្ញាធរក៏បានដកហូតវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រចំនួនជិត ៥០០គ្រឿង និងទូរសព្ទដៃចំនួនជាង ១ពាន់គ្រឿង។
ការដកហូតអាជ្ញាបណ្ណនេះធ្វើឡើងតាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដែលជាផ្នែកនៃយុទ្ធនាការបោសសម្អាត និងលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។

សកម្មភាពនេះបង្ហាញពីការតស៊ូរបស់អាជ្ញាធរកម្ពុជាក្នុងការប្រឆាំងនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ និងការពារប្រជាពលរដ្ឋពីការបោកប្រាស់។

អត្ថបទ៖ សុខុម
