រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងណែនាំប្រជាពលរដ្ឋឱ្យពិសារទឹកឱ្យបានច្រើន និងប្រុងប្រយ័ត្នខ្លួនពីរលកកម្តៅខ្ពស់ដែលកំពុងប៉ះពាល់ព្រះរាជាណាចក្រកម្ពុជា។

សេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី០៧ មេសា ឆ្នាំ២០២៦ បានលើកឡើងថា របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា កំពុងមានឥទ្ធិពលលើប្រទេសកម្ពុជា។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។

ខ្យល់បក់មកពីទិសឦសាន និងទិសបូពីមានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។

ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។
នៅតំបន់មាត់សម្បទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។
រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។
សរសេរដោយ៖ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ៖ ស្រីណា
