OPEC+ បង្កើនផលិតកម្មប្រេង ២០៦,០០០ បារ៉ែល/ថ្ងៃ ខណៈច្រកហ័រមូហ្សនៅតែបិទខ្ទប់

OPEC+ បង្កើនផលិតកម្មប្រេង ២០៦,០០០ បារ៉ែល/ថ្ងៃ ខណៈច្រកហ័រមូហ្សនៅតែបិទខ្ទប់

អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានយល់ព្រមបង្កើនកូតាផលិតកម្មប្រេងចំនួន ២០៦,០០០ បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែឧសភាខាងមុខនេះ។ ការបង្កើននេះត្រូវបានគេមើលឃើញថាជា “ការបង្កើនតួលេខនៅលើក្រដាស” ដោយសារតែសមាជិកសំខាន់ៗនៅមជ្ឈិមបូព៌ាមានការលំបាកក្នុងការនាំចេញប្រេងក្រោយពីសង្រ្គាមរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើង។

OPEC+ ប្រជុំប្រេងកាត

ជម្លោះបានបង្កឱ្យមានការបិទខ្ទប់ច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក ចាប់តាំងពីចុងខែកុម្ភៈមក ហើយបានកាត់បន្ថយការនាំចេញប្រេងរបស់សមាជិក OPEC នៅមជ្ឈិមបូព៌ា រួមមានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម គុយវ៉ែត និងអ៊ីរ៉ាក់។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ សមាជិក OPEC+ ចំនួន ៨ រួមមានអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ បានយល់ព្រមបង្កើនកូតាផលិតកម្មខែឧសភា ក្នុងអំឡុងពេលកិច្ចប្រជុំតាមអនឡាញ។

សេចក្តីថ្លែងការណ៍បានសរសេរថា៖ «ប្រទេសទាំង ៨ នឹងបន្តតាមដានយ៉ាងដិតដល់ និងវាយតម្លៃស្ថានភាពទីផ្សារ ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីគាំទ្រស្ថិរភាពទីផ្សារ»។

ច្រកសមុទ្រហ័រមូហ្ស

សេចក្ដីថ្លែងការណ៍បានបន្តថា៖ «ប្រទេសទាំង ៨ ក៏បានសម្តែងការព្រួយបារម្ភទាក់ទងនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយកត់សម្គាល់ថា ការស្ដារឡើងវិញនូវទ្រព្យសម្បត្តិថាមពលដែលខូចខាតឱ្យមានសមត្ថភាពពេញលេញគឺចំណាយច្រើន និងចំណាយពេលយូរ ដោយហេតុនេះប៉ះពាល់ដល់ការផ្គត់ផ្គង់ទាំងមូល»។

ខណៈការបង្កើនកូតាតំណាងឱ្យតិចជាង ២% នៃការផ្គត់ផ្គង់ដែលរំខានដោយសារការបិទច្រកសមុទ្រហ័រមូហ្ស ប្រភពពី OPEC+ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការព្រមព្រៀងគ្នានេះបានបង្ហាញពីការត្រៀមខ្លួនក្នុងការបង្កើនផលិតកម្មនៅពេលច្រកហ័រមូហ្សបើកឡើងវិញ។

គួរគូសបញ្ជាក់ថា ការព្រមព្រៀងបង្កើនផលិតកម្មរបស់ OPEC+ ធ្វើឡើងខណៈការផ្គត់ផ្គង់ប្រេងចុះខ្សោយ ហើយតម្លៃឡើងកប់ពពក លើស ១១០ ដុល្លារ/បារ៉ែល គិតត្រឹមថ្ងៃអង្គារ (៧ មេសា)។ កាលពីថ្ងៃព្រហស្បតិ៍ ធនាគារ JPMorgan បានព្យាករថា តម្លៃប្រេងអាចកើនឡើងលើសពី ១៥០ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតគ្រប់ពេល ប្រសិនបើលំហូរប្រេងកាត់តាមច្រកសមុទ្រហ័រមូហ្សបន្តរាំងស្ទះរហូតដល់ពាក់កណ្ដាលខែឧសភា។

administrator

Related Articles