ឧបនាយករដ្ឋមន្ត្រី ស សុខា ទាមទារឲ្យអាណាព្យាបាលបញ្ជូនកូនចៅចូលរៀនតាំងពីមត្តេយ្យសិក្សា ដើម្បីកសាងអនាគតភ្លឺស្វាង

ឧបនាយករដ្ឋមន្ត្រី ស សុខា ទាមទារឲ្យអាណាព្យាបាលបញ្ជូនកូនចៅចូលរៀនតាំងពីមត្តេយ្យសិក្សា ដើម្បីកសាងអនាគតភ្លឺស្វាង

ព្រៃវែង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវយ៉ាងខ្លាំងដល់អាណាព្យាបាលទាំងអស់ ដើម្បីយកចិត្តទុកដាក់លើការអប់រំកូនចៅចាប់ពីថ្នាក់មត្តេយ្យសិក្សា ដោយជំរុញឲ្យបញ្ជូនកូនចៅទៅចុះឈ្មោះចូលរៀនកុំបីខាន។

ពិធីសម្ពោធអគារមត្តេយ្យសិក្សា

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សាថ្មីមួយខ្នង ដែលមាន៤បន្ទប់ នៅសាលាបឋមសិក្សាពោធិអណ្តោត ស្ថិតក្នុងភូមិពោធិអណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខេស្បូវ ឆ្នាំ២០២៦។

លោកអភិសន្តិបណ្ឌិត បានបញ្ជាក់ថា៖ “កុមារគឺដូចជាក្រដាសសសមួយផ្ទាំង ដែលងាយនឹងទទួលយកការអប់រំ។ បើយើងផ្តល់ចំណេះដឹង និងគុណធម៌ឲ្យពួកគេទាន់ពេល ពួកគេនឹងក្លាយជាពលរដ្ឋល្អ និងជាសសរទ្រូងរឹងមាំសម្រាប់ប្រទេសជាតិ។”

លោកអភិសន្តិបណ្ឌិត ស សុខា ថ្លែងក្នុងពិធី

ប្រមុខក្រសួងមហាផ្ទៃ បានលើកឡើងពីសារៈសំខាន់នៃការចូលរៀនតាំងពីថ្នាក់មត្តេយ្យសិក្សា ដោយបង្ហាញថា កុមារដែលបានចូលរៀនចាប់ពីមត្តេយ្យ ភាគច្រើនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយសារមានមូលដ្ឋានគ្រឹះចំណេះដឹងតាំងពីតូច។

អគារមត្តេយ្យសិក្សាថ្មី

“អគារសិក្សាថ្មីនេះ មិនមែនគ្រាន់តែជាសំណង់បេតុងទេ ប៉ុន្តែជាថ្នាលបណ្ដុះពូជចំណេះដឹងដ៏សំខាន់ ដែលនឹងផ្តល់ឱកាសស្មើភាពគ្នាដល់កុមារគ្រប់រូបក្នុងសហគមន៍។” លោកអភិសន្តិបណ្ឌិត បានបន្ថែម។

ពិសាអាហារសាមគ្គីជាមួយសិស្ស

ក្នុងឱកាសនេះ លោកអភិសន្តិបណ្ឌិត និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស។

លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សប្បុរសជន រដ្ឋបាលខេត្ត មន្ទីរអប់រំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាក្នុងការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន។

ដោយ៖ សិលា

administrator

Related Articles