ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ប្រើជំនាញតាមប្រមាញ់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីមូលដ្ឋាន។

ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីរសៀលថ្ងៃទី០៧ មេសា ២០២៦ នៅសាលារាជធានីភ្នំពេញ លោកអភិបាលបានច្បាស់លាស់ថា៖ “កិច្ចប្រជុំនេះធ្វើឡើងដើម្បីដកស្រង់បទពិសោធន៍ រកចំណុចខ្លាំង ចំណុចខ្សោយ សំដៅធ្វើឱ្យរាជធានីភ្នំពេញគ្មានបទល្មើស Online Scams នៅក្នុងមូលដ្ឋានទៀត។”

លោកបានបន្តថា៖ “បទល្មើស Online Scams មិនមែនអនុវត្តត្រឹមខែមេសានេះទេ គឺត្រូវធ្វើរហូតនិងជាប្រចាំ។ ខ្ញុំជឿថា ១ខែឬ២ខែទៀត បទល្មើសទាំងនេះអាចនឹងអស់ពីរាជធានីភ្នំពេញ។”
លោកអភិបាលបានដាក់តម្រូវការច្បាស់លាស់ថា ខណ្ឌទាំង១៤ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ ដោយសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ។ “គ្មានកម្លាំងអ្វីខ្លាំងជាងកម្លាំងប្រជាពលរដ្ឋចូលរួមនោះទេ។ ត្រូវស៊ើបអង្កេតរកទីតាំង Online Scams និងប្រើប្រាស់គ្រប់មធ្យោបាយ ទាំងការផាកពិន័យនិងការដាក់ទោសទណ្ឌ។”

ចំណែកលោក ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ “យើងបានបង្ក្រាបបទល្មើស Online Scams ជាបន្តបន្ទាប់។ ពីថ្ងៃទី០៣កុម្ភៈ ដល់ថ្ងៃទី០៧មេសា យើងបានឃាត់ខ្លួនជនសង្ស័យចំនួន ១,១៦៥នាក់ និងបញ្ជូនទៅតុលាការ ២២ករណី ស្មើនឹង ១៤០នាក់ ដែលមានខ្មែរចំនួន ៥៩នាក់។”





កិច្ចប្រជុំនេះបានបង្ហាញពីភាពច្បាស់លាស់នៃគោលនយោបាយបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមពីអាជ្ញាធរទាំងអស់ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ។
