ភ្នំពេញ៖ ស្ត្រីម្នាក់ដែលល្បីល្បាញក្នុងបណ្តាញសង្គមពីរឿងយកប្ដីពីរនាក់ក្នុងពេលតែមួយ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារហើយ។

លោក យ៉ែម តុលា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ 3.២៣៣.១.៥១ ៥០ស ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ នី សម្បត្តិ អាយុ ៤២ឆ្នាំ។
ជនត្រូវចោទនេះត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថនគរបាលជាតិ ដែលប្រព្រឹត្តនៅព្រះរាជាណាច្រកកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។
នាង នី សម្បត្តិ គឺជាអ្នកលក់ផលិតផលអនឡាញ និងជាគ្រូទាយសន្លឹកបៀរ ដែលមានទីលំនៅនៅភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ មុនពេលត្រូវឃាត់ខ្លួន នាងស្នាក់នៅផ្ទះលេខ ២៩ ផ្លូវលេខ ៤៦០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងដីកាសម្រេច ចៅក្រមបានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទទៅពន្ធធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

ចៅក្រមក៏បានបង្គាប់ឱ្យប្រធានពន្ធធនាគាររាជធានីភ្នំពេញទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ដីកានេះត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។
ជនត្រូវចោទនេះត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានចោទប្រកាន់តាមបញ្ញត្តិមាត្រា ៤៩៤, មាត្រា ៤៩៥ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។
រឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ដោយសារតែជនត្រូវចោទធ្លាប់ល្បីល្បាញពីរឿងយកប្ដីពីរនាក់ក្នុងពេលតែមួយ ដែលបានធ្វើឱ្យមានការពិភាក្សាយ៉ាងច្រើនក្នុងសង្គម។
