ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀងបានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scam) មួយកន្លែងនៅក្នុងផ្ទះវីឡាជួលមួយក្នុងភូមិបាវិតលើ ក្រុងបាវិត។

ប្រតិបត្តិការនេះដែលធ្វើឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ក្នុងនោះមានស្រី ០៨នាក់។ ក្រុមសង្ស័យនេះមានជនជាតិចិន ០២នាក់ (ប្រុស) និងជនជាតិវៀតណាម ២៩នាក់។

ប្រតិបត្តិការនេះត្រូវបានអនុវត្តតាមបទបញ្ជាខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។

កម្លាំងនគរបាលបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ កុំព្យូទ័រលើតុ ១០គ្រឿង, Laptop ០១គ្រឿង, ទូរស័ព្ទដៃ ៦១គ្រឿង, ដាវ ០២ដើម, រថយន្ត ០១គ្រឿង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។

លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង សម្រាប់ចាត់ការតាមច្បាប់។
