ភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះយោធាជាង ១៧០គ្រឿងក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតយន្តហោះចម្បាំង F-15E ដែលត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់នៅក្នុងតំបន់ខេត្ត Isfahan។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជាក់កាលពីថ្ងៃចន្ទទី៦ ខែមេសា ឆ្នាំ២០២៦ ថា យន្តហោះយោធាចំនួន ២១គ្រឿងត្រូវបានប្រើក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតទី១ និង ១៥៥គ្រឿងទៀតសម្រាប់ប្រតិបត្តិការទី២។ លោកបានបន្ថែមថា យន្តហោះដឹកជញ្ជូនចំនួន ២គ្រឿងបានជាប់ផុងក្នុងខ្សាច់ ហើយកងទ័ពអាមេរិកបានសម្រេចចិត្តបំផ្ទុះកម្ទេចយន្តហោះទាំងនេះចោល ដើម្បីកុំឱ្យធ្លាក់ក្នុងដៃអ៉ីរ៉ង់។

យន្តហោះចម្បាំង F-15E ដែលត្រូវបានបាញ់ទម្លាក់មានពីឡុតបញ្ជា ២នាក់ ដែលអាចហោះក្នុងល្បឿនរហូតដល់ ៣,០១៨គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកគ្រាប់បែកទម្ងន់រហូតដល់ ២០,០០០ផោន។

អ៉ីរ៉ង់បានអះអាងថាពួកគេបានកម្ទេចយន្តហោះ C-130 ចំនួន ២គ្រឿង រួមទាំងឧទ្ធម្ភាគចក្រ Black Hawk ចំនួន ២គ្រឿងទៀត ក្នុងតំបន់ដែលប្រតិបត្តិការជួយសង្រ្គោះត្រូវបានធ្វើឡើង។ ស្ថានភាពនេះបង្ហាញពីភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់។
