អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញសំឡេងព្រមានថា សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ដោយនឹងបង្កើនអតិផរណា និងបន្ថយអត្រាកំណើនសេដ្ឋកិច្ចសកល។

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយិកាគ្រប់គ្រង IMF បានបញ្ជាក់កាលពីថ្ងៃចន្ទទី៦ មេសា ថា សង្រ្គាមរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបិទច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់ប្រមាណ ២០% នៃតម្រូវការពិភពលោក។
«ផ្លូវទាំងអស់ឥឡូវនេះ នាំឆ្ពោះទៅរកតម្លៃខ្ពស់ និងកំណើនយឺតយ៉ាវ» លោកស្រីថ្លែងយ៉ាងដូច្នេះ។
IMF នឹងចេញរបាយការណ៍សេដ្ឋកិច្ចថ្មីនៅថ្ងៃទី១៤ មេសា ដែលទំនងនឹងបន្ទាបទស្សនវិស័យសកលដោយសារតែសង្គ្រាម និងការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុ។ ក្នុងរបាយការណ៍មុន អង្គការនេះរំពឹងថា សេដ្ឋកិច្ចសកលនឹងកើនឡើង ៣,៣% ក្នុងឆ្នាំ២០២៦ និង ៣,២% នៅឆ្នាំ២០២៧។
លោកស្រីចចជីវ៉ាបានព្រមានថា ប្រទេសក្រីក្រដែលគ្មានទុនបម្រុងថាមពល ប្រឈមនឹងហានិភ័យខ្ពស់បំផុត ដោយសារខ្វះថវិកាដើម្បីទូទាត់កំណើនតម្លៃ។ ប្រទេសមួយចំនួនបានស្នើសុំជំនួយរួចហើយ ខណៈ IMF មានគម្រោងពង្រីកកម្មវិធីផ្តល់ប្រាក់កម្ចី។
លើសពីនេះ អង្គការនេះកំពុងធ្វើការជាមួយភ្នាក់ងារអង្គការសហប្រជាជាតិលើសន្តិសុខស្បៀងអាហារ ដោយព្រមានថា ការផ្គត់ផ្គង់ជីដែលរងការរំខានពីជម្លោះមជ្ឈិមបូព៌ា អាចបង្កវិបត្តិស្បៀងអាហារក្នុងពេលឆាប់ៗ។
