រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយនារី៣នាក់ជិះម៉ូតូប៊ីតមួយគ្រឿងវ៉ាជែងហើយជ្រុលទៅបុករថយន្តបែនដឹកដី។

ជនរងគ្រោះដែលស្លាប់ឈ្មោះភី វណ្ណរី អាយុ១៧ឆ្នាំ ត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែង។ ចំណែកអ្នករងរបួសពីរនាក់ទៀតគឺ ចាន់ថា ស្រីលីន អាយុ១៩ឆ្នាំ និងរិទ្ធចាន់បរមី អាយុ១៥ឆ្នាំ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីទាំងបីនាក់បានជិះម៉ូតូម៉ាកហុងដាប៊ីតពាក់ស្លាកលេខកំពង់ចាម១W៥២៦០ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានវ៉ាជែងរួចក៏ជ្រុលចូលចំណែកផ្លូវរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា និងបុកក្បាលចំកង់មុខរថយន្តបែនដឹកដី។

រថយន្តដែលកិនមនុស្សស្លាប់ជាម៉ាកនីស្សាន់ពណ៌សពាក់ស្លាកលេខភ្នំពេញ៣C.៨៦៧១ អ្នកបើកបរបានរត់គេចបាត់ស្រមោល។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុហើយទាក់ទងហៅរថយន្តបញ្ជូនជនសូមគ្រោះទៅកាន់មន្ទីរពេទ្យ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

