រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញប្រជាពលរដ្ឋខ្មែរគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ ដើម្បីបង្កើតមោទនភាពជាតិ និងជំរុញការអភិវឌ្ឍន៍។

ក្នុងសារលិខិតអបអរសាទរក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ។”
សម្ដេចបានពន្យល់បន្ថែមថា ចលនា”ភូមិមួយ ផលិតផលមួយ”បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ផលិតផលជនបទ ជួយបង្កើតការងារ អភិរក្សវប្បធម៌សិប្បកម្មបុរាណ និងបង្កើតអត្តសញ្ញាណផលិតផលតាមតំបន់។

“បច្ចុប្បន្ន យើងឃើញថា ផលិតផលក្នុងស្រុកបាន និងកំពុងក្លាយជាផលិតផលដែលមានសក្តានុពលខ្ពស់ ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារទូទាំងប្រទេស” សម្ដេចបានមានប្រសាសន៍។
ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ រាជរដ្ឋាភិបាលបានរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា
