ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកស្វាយចេកបានចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការជួញដូរសារធាតុញៀន និងទឹកកាធុម ដោយបានរឹបអូសទឹកកាធុមចំនួន៤៤ដប និងវត្ថុតាងជាច្រើនទៀត។

សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងទាំងអស់ទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ប្រតិបត្តិការនេះត្រូវបានអនុវត្តតាមបទបញ្ជាផ្ទាល់របស់អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្ត។
លោកវរសេនីយ៍ទោ អុន កាថង អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា នៅថ្ងៃទី៦ មេសា ២០២៦ វេលាម៉ោង២៣:១០នាទី កម្លាំងសមត្ថកិច្ចបានស្ទាក់ស្ទង់ឡានកាម៉ារីកាត់ទ្រុងពណ៌ខ្មៅមួយគ្រឿងនៅចំណុចខាងលិចភូមិគោករកា ឃុំតាបែន។

ជនសង្ស័យឈ្មោះ លីម ហ៊ាន អាយុ៤៥ឆ្នាំ នៅភូមិថ្នល់បត់ ស្រុកអូរជ្រៅ ត្រូវបានចាប់ខ្លួនជាមួយនឹងវត្ថុតាងជាច្រើនរួមមាន៖ ម្សៅក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)១ថង់ បំពង់កែវសម្រាប់ជក់១ដើម ទឹកកាធុម៤៤ដប គ្រាប់កាំភ្លើងAK៤៧៦គ្រាប់ ដែកកេះ២ដើម វិទ្យុទាក់ទង២គ្រឿង ទូរសព្ទដៃ១គ្រឿង អាវយោធា១អាវ ស្លាកឈ្មោះ២ និងលិខិតឆ្លងដែន១។

លទ្ធផលតេស្តសារធាតុញៀនរបស់ជនសង្ស័យបានបង្ហាញវិជ្ជមាន(+)។ ករណីនេះកំពុងត្រូវបានចាត់ការតាមនិតិវិធីយ៉ាងតឹងរ៉ឹង។
