ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះកូរ៉េខាងត្បូង ដោយចោទប្រកាន់ថាប្រទេសនេះមាន«ជំហរអសកម្ម»ក្នុងការគាំទ្រយោធានៅច្រកសមុទ្រ Hormuz និងរិះគន់សម្ព័ន្ធមិត្តអឺរ៉ុប និងអាស៊ីទាំងអស់។

នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី៦មេសា លោកត្រាំមិនត្រឹមតែរិះគន់អង្គការ NATO ប៉ុណ្ណោះទេ ថែមទាំងលើកឡើងពីកូរ៉េខាងត្បូង អូស្ត្រាលី និងជប៉ុនថា «ពួកគេមិនបានជួយអាមេរិកទេ»។
«យើងមានកងទ័ពអាមេរិកចំនួន ៤៥,០០០ នាក់ ឈរជើងដើម្បីការពារកូរ៉េខាងត្បូងពីលោក គីម ជុងអ៊ុន ប៉ុន្តែពួកគេមិនបានជួយយើងទេ» នេះជាសំដីរបស់លោកត្រាំដែលត្រូវបានគេមើលឃើញថាជាការដាក់សម្ពាធលើតួនាទីរបស់កូរ៉េខាងត្បូង។

ការមិនពេញចិត្តរបស់លោកត្រាំកាន់តែធំទូលាយ បន្ទាប់ពីកូរ៉េខាងត្បូងមិនបានបង្ហាញជំហរច្បាស់លាស់ក្នុងការគាំទ្រការពារច្រក Hormuz ដែលលោកត្រាំបានស្នើសុំពីសម្ព័ន្ធមិត្តខែមុន។
លោកត្រាំក៏បានលើកឡើងពីទំនាក់ទំនងរបស់គាត់ជាមួយមេដឹកនាំកូរ៉េខាងជើងថា៖ «ខ្ញុំចុះសម្រុងជាមួយគាត់យ៉ាងល្អ ហើយគាត់ក៏ចូលចិត្តខ្ញុំដែរ»។ លោកជឿជាក់ថា ប្រទេសដូចជាកូរ៉េខាងត្បូង និងជប៉ុន ដែលទទួលបានប្រេងតាមរយៈច្រក Hormuz គួរតែដើរតួនាទីធំជាងនេះ។

នៅក្នុងរង្វង់ការទូតវ៉ាស៊ីនតោន ការអត្ថាធិប្បាយរបស់លោកត្រាំត្រូវបានគេមើលឃើញមិនត្រឹមតែជាការបង្ហាញការមិនពេញចិត្តប៉ុណ្ណោះទេ ប៉ុន្តែជាសារដាក់សម្ពាធដើម្បីពង្រីកបន្ទុកយោធា និងការទូតរបស់សម្ព័ន្ធមិត្ត នៅពេលភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។
អត្ថបទ៖ សាង ស្រីល័ក្ខ
