ខេត្តត្បូងឃ្មុំ៖ លោកស្រី ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានបញ្ជាក់ថា ការផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ការបញ្ជាក់នេះបានធ្វើឡើងក្នុងពិធីផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ៥០ខ្នងផ្ទះ នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា សម្តេចតេជោ និងសម្តេចមហាបវរធិបតីបានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំង កាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឲ្យនៅឯកោរ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។

លោកស្រី ក៏បានអរគុណដល់លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពជុំវិញខេត្តត្បូងឃ្មុំ ដែលបានជួយសម្របសម្រួល ដោយការយកចិត្តទុកដាក់ខ្ពស់ចពោះសុខទុក្ខរបស់គណៈយុទ្ធមិត្ត។

អតីតយុទ្ធមិត្តដែលបានទទួលផ្ទះនៅខេត្តត្បូងឃ្មុំក៏បានគោរពរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលបានគិតគូរដល់សុខទុក្ខ និងការផ្តល់ជម្រកសមរម្យដល់ពួកគាត់នាពេលនេះ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមចំនួន ៣២០គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះចំនួន ៥០គ្រួសារ និងគ្រួសារអតីតយុទ្ធមិត្តចំនួន១២៥គ្រួសារ។ ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ទឹកសុទ្ធ ១យួរ មី១កេស គ្រាប់ពូជបន្លែ ១កញ្ចប់ (មាន ៥ប្រភេទគ្រាប់ពូជ) និងថវិកា ៥ម៉ឺនរៀល។
ដោយ៖ សំរិត
