ភ្នំពេញ៖ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនចៅស្រីបង្កើតចំនួន២នាក់ ដែលបានចាក់សម្លាប់យាយបង្កើតរបស់ខ្លួន ដោយសារតែខឹងចំពោះការហាមឃាត់មិនឲ្យមានស្នេហាក្នុងវ័យសិក្សា។

ហេតុការណ៍ដ៏សែនឈឺចាប់នេះ បានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅផ្ទះលេខ៣អា តាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះគឺលោកស្រី ទី គង់ អាយុ៦៤ឆ្នាំ ដែលធ្វើអាជីវកម្មលក់ដូរ។

ជនសង្ស័យទាំងពីរនាក់គឺ៖
១. សេង ច័ន្ទបូណ៍មី អាយុ១៩ឆ្នាំ
២. សេង ហេង សានីកា អាយុ១៨ឆ្នាំ
ទាំងពីរនាក់នេះជាចៅស្រីបង្កើតរបស់ជនរងគ្រោះ ហើយស្នាក់នៅជាមួយគ្នាក្នុងផ្ទះដដែល។ ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពីមានការរាយការណ៍ពីសាច់ញាតិ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងរកឃើញស្លាកស្នាមកាំបិតពីក្រោយខ្នងជនរងគ្រោះ។
ការស៊ើបអង្កេតបន្តបាននាំឱ្យចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ ហើយនាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។
យោងតាមការសារភាពពីជនសង្ស័យ ពួកគេបានប្រព្រឹត្តិឧក្រិដ្ឋកម្មនេះនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៥ ខែមេសា ដោយប្រើកាំបិតចុងស្រួចចាក់ទៅលើយាយបង្កើតពីក្រោយខ្នង។ មូលហេតុចម្បងគឺពួកគេខឹងចំពោះការហាមឃាត់មិនឲ្យមានស្នេហាក្នុងវ័យសិក្សា។
