ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអាកាសធាតុថ្មីសម្រាប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយដាស់តឿនពីឥទ្ធិពលរបបខ្យល់មូសុងឦសានដែលកំពុងបក់លើតំបន់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។

យោងតាមក្រសួងធនធានទឹក ស្ថានភាពអាកាសធាតុនេះនឹងបន្តរហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ដោយមានលក្ខណៈពិសេសដូចខាងក្រោម៖
១. តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ាមានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។

៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។
អ្នកដំណើរត្រូវប្រុងប្រយ័ត្នចំពោះសីតុណ្ហភាពខ្ពស់ និងពិចារណាពីសុវត្ថិភាពក្នុងការធ្វើដំណើរនាពេលថ្ងៃ។
