រាជធានីភ្នំពេញ៖ អាជ្ញាធរបានចេញព្រមានថ្មីទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃការលក់ ឬជួលគណនីធនាគារ (កុង) ទៅឱ្យអ្នកដទៃប្រើប្រាស់។ សកម្មភាពនេះអាចនាំឱ្យអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសដោយមិនដឹងខ្លួន។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា ការផ្តល់គណនីធនាគាររបស់ខ្លួនទៅឱ្យអ្នកដទៃប្រើប្រាស់ ដើម្បីទទួលបានកម្រៃជើងសា អាចធ្វើឱ្យអ្នកប្រឈមមុខនឹងការចូលរួមប្រព្រឹត្តបទល្មើសជាមួយក្រុមឧក្រិដ្ឋជន។
ការទទួលប្រាក់ជំនួស ការជួល ឬការលក់គណនីធនាគាររបស់ខ្លួន ឱ្យទៅបុគ្គលដទៃប្រើប្រាស់ក្នុងគោលបំណងណាមួយ ឬដើម្បីបានប្រាក់កម្រៃ គឺជាការផ្តល់នូវមធ្យោបាយប្រព្រឹត្តបទល្មើស។

អគ្គនាយកដ្ឋានបានផ្តល់ការណែនាំសំខាន់ៗដូចខាងក្រោម៖
- កុំលក់ ឬជួល គណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់ជាដាច់ខាត
- កុំទទួលប្រាក់តាមគណនីធនាគារ ដែលពុំមានប្រភពច្បាស់លាស់ ជំនួសមិត្តភក្តិ ឬអ្នកដទៃ
- កុំទាក់ទង ជាមួយជនអនាមិក ឬមិត្តភក្តិ ដែលព្យាយាមលួងលោម ឬសន្យាផ្តល់ផលប្រយោជន៍ ក្រោមរូបភាពខ្ចីប្រើប្រាស់កុងធនាគារ
អ្នកផ្តល់មធ្យោបាយក្នុងការប្រព្រឹត្តនូវបទល្មើស ត្រូវចាត់ទុកថាជា «សហចារី» ដែលនឹងត្រូវទទួលទោសទណ្ឌដូចជា «ចារី» (អ្នកប្រព្រឹត្តផ្ទាល់) ដែរ។
