ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលយប់រំលង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ រថយន្តម៉ាក TOYOTA PRIUS បានបើកបរក្នុងល្បឿនលឿន និងបំពានស្តុបក្រហម បុករថយន្ត CHEVROLET CAMARO មុននឹងប៉ើងទៅបុករថយន្ត BYD ដែលឈប់ចតនៅមុខផ្ទះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២:២០នាទីយប់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ រថយន្ត PRIUS ដែលមានផ្លាកលេខ ភ្នំពេញ 2 BV-8394 បានបើកបរពីទិសដៅពីត្បូងទៅជើង ហើយបំពានស្តុបក្រហម បុករថយន្ត CAMARO ដែលកំពុងឆ្លងស្តុបខៀវពីផ្លូវសហព័ន្ធរុស្ស៊ី។

បន្ទាប់ពីបុក CAMARO រថយន្ត PRIUS បានបន្តប៉ើងទៅលើចិញ្ចើមផ្លូវ ហើយបុកពីក្រោយរថយន្ត BYD ដែលមានផ្លាកលេខ ភ្នំពេញ 2CH-9165 ដែលឈប់ចតនៅមុខផ្ទះប្រជាពលរដ្ឋ។ រថយន្តទាំងបីគ្រឿងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសំណាងល្អដែលមិនមានអ្នករងគ្រោះថ្នាក់។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានសម្រួលគ្នា ហើយរថយន្តទាំងបីត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់។
