
ហាណូយ – លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម ត្រៀមធ្វើដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសចិននៅសប្តាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីលោកទើបតែត្រូវបានជ្រើសតាំងជាប្រធានរដ្ឋវៀតណាម។
បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដំណើរទស្សនកិច្ចនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា។ នេះជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក តូ ឡឹម ក្នុងនាមជាប្រធានរដ្ឋ។

លោក តូ ឡឹម បច្ចុប្បន្នកាន់តំណែងពីរក្នុងពេលតែមួយ គឺទាំងជាអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ ដែលធ្វើឲ្យលោកមានអំណាចខ្លាំងក្លាបំផុតនៅក្នុងដៃ។ ទម្រង់ដឹកនាំនេះមានលក្ខណៈប្រហាក់ប្រហែលទៅនឹងទម្រង់ដឹកនាំរបស់លោក ស៊ី ជិនពីង នៅប្រទេសចិន។
ទោះបីជាប្រទេសទាំងពីរធ្លាប់មានជម្លោះខ្លះៗនៅសមុទ្រចិនខាងត្បូងក៏ដោយ ប៉ុន្តែមួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងវៀតណាម និងចិន មានភាពស្អិតល្មួតខ្លាំង ជាពិសេសលើការសហការគ្នាក្នុងវិស័យសំខាន់ៗដូចជា ការតភ្ជាប់ផ្លូវរថភ្លើង ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែន និងការប្រើប្រាស់បច្ចេកវិទ្យា 5G។

ក្រៅពីបញ្ហានយោបាយ វៀតណាមក៏កំពុងសម្លឹងរកជំនួយពីចិនលើបញ្ហាសន្តិសុខថាមពលផងដែរ។ បច្ចុប្បន្ន វៀតណាមកំពុងខ្វះខាតប្រេងឥន្ធនៈសម្រាប់យន្តហោះ និងជីកសិកម្ម ដែលជាផលវិបាកដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ការជួបគ្នាជាមួយមេដឹកនាំចិនលើកនេះ ត្រូវបានគេមើលឃើញថា ជាឱកាសមាសសម្រាប់វៀតណាមក្នុងការស្វែងរកច្រកចេញសម្រាប់សេដ្ឋកិច្ចជាតិ និងការធានាឲ្យបាននូវការផ្គត់ផ្គង់ថាមពល។
