
ភ្នំពេញ៖ អគ្គិភ័យឆេះដេប៉ូបញ្ជូល និងលក់ហ្គាសមួយ បានរាលដាលដល់ផ្ទះពលរដ្ឋចំនួន៥ល្វែង នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី៧ មេសា ២០២៦។

តាមការរាយការណ៍ពីប្រជាពលរដ្ឋ មុនកើតហេតុ គេបានឮសម្លេងផ្ទុះខ្លាំងពីក្នុងដេប៉ូ ហើយកំប៉ុងហ្គាសបានផ្ទុះជាបន្តបន្ទាប់ បង្កអោយកើតអណ្តាតភ្លើងយ៉ាងធំ ដែលរាលដាលយ៉ាងឆាប់រហ័ស។

អគ្គិភ័យនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ៖ ដេប៉ូហ្គាស១ ផ្ទះពលរដ្ឋ៥ល្វែង រថយន្ត៣គ្រឿង ម៉ូតូសណ្តោង១គ្រឿង និងបង្គោលភ្លើង៤ដើមត្រូវឆេះអស់។ សំណាងល្អគ្មានមនុស្សរងរបួស។

ក្រុមពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃបានអន្តរាគមន៍យ៉ាងរហ័ស និងបានបាញ់ពន្លត់អគ្គិភ័យអោយរលត់ជាស្ថាពរ។

សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ។ ទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៥ កែងផ្លូវលេខ២៩៦។
