កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងចំនួន ១០នាក់ និងឃាត់ម៉ូតូចំនួន ១០គ្រឿង ក្នុងព្រឹត្តិការណ៍ដ៏ម៉ឺងម៉ាត់មួយនៅខណ្ឌជ្រោយចង្វារ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី៥រហូតដល់ថ្ងៃទី៦ នៅតំបន់ផ្លូវបេតុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ដែលក្រុមក្មេងទំនើងទាំងនេះតែងធ្វើសកម្មភាពបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជន។

សកម្មភាពនេះបានបង្កឲ្យមានការភ័យខ្លាច និងសម្លេងរំខានដល់ប្រជាពលរដ្ឋជាច្រើន។ ក្រោមវិធានការជំនាញ អាវុធហត្ថបានរកឃើញថា ក្នុងចំណោមក្មេងទំនើងទាំង១០នាក់ មាន០៧នាក់ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស ដែលត្រូវព្រមានអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

ចំណែកក្មេងទំនើង០៣នាក់ដែលពាក់ព័ន្ធនឹងការបង្ហោះម៉ូតូ ត្រូវបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការអប់រំណែនាំ ដាក់ពិន័យ និងធ្វើកិច្ចសន្យា។ ម៉ូតូចំនួន០៣គ្រឿងត្រូវរក្សាទុករយៈពេល០៣ខែ តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

វិធានការនេះធ្វើឡើងដើម្បីធានាសុវត្ថិភាពសាធារណៈ និងកាត់បន្ថយសកម្មភាពទំនើងដែលអាចបង្កគ្រោះថ្នាក់ដល់សង្គម។ អាវុធហត្ថបន្តអនុវត្តវិធានការតឹងរឹងទៅលើក្រុមក្មេងទំនើងដែលបំពានច្បាប់។

