អន្តរជាតិ៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នលើបទឈប់បាញ់រយៈពេលពីរសប្ដាហ៍ ដោយទីក្រុងតេអេរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញក្រោមការសម្របសម្រួលរបស់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះនៅលើ Truth Social ថា៖ «នៅក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងប្រធានបុគ្គលិក លោក Asim Munir ពួកគេបានស្នើសុំឱ្យខ្ញុំពន្យារពេលការដាក់ពង្រាយកងកម្លាំងបំផ្លិចបំផ្លាញប្រឆាំងនឹងអ៊ីរ៉ង់នៅយប់នេះ ដោយមានលក្ខខណ្ឌថាអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញទាំងស្រុង ភ្លាមៗ និងដោយសុវត្ថិភាព។ ខ្ញុំបានយល់ព្រមបញ្ឈប់ការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់ជាបណ្ដោះអាសន្នរយៈពេលពីរសប្ដាហ៍។ នេះនឹងជាបទឈប់បាញ់ទ្វេភាគី»។
លោក Trump បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកបានសម្រេចគោលបំណងយោធាទាំងអស់របស់ខ្លួន ហើយជិតដល់កិច្ចព្រមព្រៀងចុងក្រោយលើសន្តិភាពយូរអង្វែងជាមួយអ៊ីរ៉ង់ ក៏ដូចជាសន្តិភាពនៅមជ្ឈិមបូព៌ាផងដែរ។

«យើងបានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ ហើយជឿជាក់ថាវាផ្ដល់នូវមូលដ្ឋានដែលអាចអនុវត្តបានសម្រាប់ការចរចា។ ចំណុចខ្វែងគំនិតគ្នាស្ទើរតែទាំងអស់ពីមុនរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានដោះស្រាយរួចហើយ ប៉ុន្ដែរយៈពេលពីរសប្ដាហ៍នឹងអនុញ្ញាតឱ្យមានការបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង» ប្រធានាធិបតីអាមេរិកបានបន្ថែម។
ផ្នែកអ៊ីរ៉ង់ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់បានប្រកាសថា ខ្លួនបានអនុម័តបទឈប់បាញ់រយៈពេលពីរសប្ដាហ៍។ «ទោះជាយ៉ាងណាក៏ដោយ វាត្រូវតែសង្កត់ធ្ងន់ថា នេះមិនមានន័យថាការប្រយុទ្ធបានបញ្ចប់នោះទេ។ យើងនៅតែត្រៀមខ្លួនយ៉ាងពេញលេញ។ ប្រសិនបើសត្រូវធ្វើខុសសូម្បីតែបន្ដិច ពួកគេនឹងប្រឈមមុខនឹងកម្លាំងពេញលេញរបស់យើងជាការឆ្លើយតប»។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានបញ្ជាក់ថា អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ក្នុងអំឡុងពេលបទឈប់បាញ់។ «ក្នុងរយៈពេលពីរសប្ដាហ៍នេះ ការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz នឹងត្រូវបានធានាតាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដោយគិតគូរពីការរឹតបន្ដឹងបច្ចេកទេស»។
កិច្ចព្រមព្រៀងនេះត្រូវបានចុះក្រោយពីការប្រឈមមុខយោធាដ៏តានតឹងរវាងភាគីទាំងពីរ និងការការពារច្រកសមុទ្រហ័រមូសដែលជាច្រកសមុទ្រយុទ្ធសាស្ត្រសំខាន់សម្រាប់ការនាំចេញប្រេងកាតពីតំបន់អារ៉ាប់។
