ទីក្រុងតេអេរ៉ង់៖ ដំណឹងអំពីកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល២សប្តាហ៍រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីរ៉ង់ បានធ្វើឱ្យសហគមន៍អន្តរជាតិមានចិត្តត្រេកអរយ៉ាងខ្លាំង ដោយសង្ឃឹមថានេះជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា។

តាមគម្រោង ភាគីទាំងពីរនឹងចាប់ផ្តើមការចរចាដោយប្រយោលនៅទីក្រុងឥស្លាមម៉ាបាត ប្រទេសអ៊ីរ៉ង់ នាថ្ងៃទី១០ ខែមេសាខាងមុខនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាត្រឹមតែប៉ុន្មានម៉ោងមុនពេលផុតឱសានវាទរបស់លោកត្រាំ ដែលព្រមានថាបើគ្មានកិច្ចព្រមព្រៀងទេ អរិយធម៌របស់អ៊ីរ៉ង់នឹងវិនាសអន្តរាយ។
ជាបឋម អាមេរិកយល់ព្រមផ្អាកប្រតិបត្តិការសឹករបស់ខ្លួនរយៈពេល២អាទិត្យ។ ជាថ្នូរត្រឡប់មកវិញ អ៊ីរ៉ង់យល់ព្រមអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញអាចបើកចេញចូលច្រកហ័រម៉ូសដោយសុវត្ថិភាពរយៈពេល២សប្តាហ៍ដែរ។

ប្រទេសជាច្រើននៅលើសាកលលោកបានស្វាគមន៍កិច្ចព្រមព្រៀងនេះ។ អ៊ីស្រាអែលបានបង្ហោះសារគាំទ្រតាមរយៈបណ្តាញសង្គម ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធានាថាអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរ ឬគំរាមកំហែងសន្តិសុខតំបន់។
អ៊ីរ៉ាក់ក៏បានអបអរសាទរផងដែរ ដោយសង្កត់ធ្ងន់ថាភាគីទាំង២ត្រូវតែអនុវត្តដូចការសន្យារបស់ខ្លួន។ ក្រសួងការបរទេសអេហ្ស៊ីបចាត់ទុកថាបទឈប់បាញ់នេះជាឱកាសដ៏ល្អបំផុតដែលត្រូវតែក្តាប់ឱ្យជាប់។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្វាគមន៍បទឈប់បាញ់នេះ និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមលក្ខខណ្ឌនៃបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា។
ក្រៅពីនេះ ប្រទេសជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី នូវែលហ្សេ ឡង់សុទ្ធតែបានប្រកាសអបអរសាទរចំពោះបទឈប់បាញ់នេះ។

កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថាជាជំហានដំបូងដ៏សំខាន់ក្នុងការកាត់បន្ថយភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ដែលបានបន្តយូរជាងទសវត្សរ៍មកហើយ។ អ្នកវិភាគនយោបាយសង្កត់ធ្ងន់ថា ភាពជោគជ័យនៃកិច្ចព្រមព្រៀងនេះនឹងអាចនាំទៅរកការចរចាបន្ថែម និងការដោះស្រាយវិវាទជាច្រើនទៀតនៅក្នុងតំបន់។
