ទោះបីជាសង្គ្រាមនៅមិនទាន់បញ្ចប់ទាំងស្រុងក៏ដោយ ក៏ពិភពលោកបានទទួលដំណឹងល្អមួយនៅព្រឹកថ្ងៃពុធទី៨ ខែមេសា ឆ្នាំ២០២៦ នេះ នៅពេលដែលអ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិកយល់ព្រមឈប់បាញ់អ៊ីរ៉ង់រយៈពេល២សប្តាហ៍។

តាមការផ្សាយរបស់ CNN រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានប្រកាសថា ក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះ ច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញសម្រាប់ការធ្វើនាវាចរណ៍ដោយសុវត្ថិភាព។ ទោះយ៉ាងណា លោកបានព្រមានថា ប្រសិនបើមានការវាយប្រហារបន្តទៀត ច្រកនេះនឹងត្រូវបិទឡើងវិញភ្លាមៗ។
លោក Araghchi បានបញ្ជាក់បន្ថែមថា ការបើកច្រកនេះនឹងត្រូវធ្វើឡើងតាមរយៈការសម្របសម្រួលយ៉ាងហ្មត់ចត់ជាមួយកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ និងដោយពិចារណាយ៉ាងល្អិតល្អន់លើកម្រិតបច្ចេកទេសផ្សេងៗ។
ដំណឹងនេះបានធ្វើឱ្យតម្លៃប្រេងសកលធ្លាក់ចុះយ៉ាងខ្លាំង។ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ៥.៨% មកនៅត្រឹម ១០៣.៤២ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងជួញដូរនៅសហរដ្ឋអាមេរិកធ្លាក់ចុះជិត ៨.៥% មកនៅត្រឹម ១០៣.២៥ដុល្លារ។
ចំណែកឯតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះជាង ១៥% នៅក្នុងការជួញដូរក្រៅម៉ោង មកនៅត្រឹមតិចជាង ៩៥ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល។

ទោះបីជាតម្លៃប្រេងបានធ្លាក់ចុះក៏ដោយ ក៏តម្លៃទាំងនេះនៅតែមានកម្រិតខ្ពស់ជាងឆ្ងាយបើប្រៀបធៀបទៅនឹងពេលមុនផ្ទុះសង្គ្រាមកាលពីថ្ងៃទី២៨ខែកុម្ភៈ។
អត្ថបទ៖ សុខ សុវណ្ណ
