រូបសំណាកវប្បធម៌ថ្មីៗនៅវត្តភ្នំ ត្រៀមទទួលស្វាគមន៍ភ្ញៀវឆ្នាំថ្មី

រូបសំណាកវប្បធម៌ថ្មីៗនៅវត្តភ្នំ ត្រៀមទទួលស្វាគមន៍ភ្ញៀវឆ្នាំថ្មី

ភ្នំពេញ៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំកំពុងឆ្លុះបញ្ចាំងភាពរស់រវើកដោយមានរូបសំណាកវប្បធម៌ថ្មីៗជាច្រើន រួមមានទូករាជហង្ស ទូករទេះសាលី មង្កុដយក្ស និងរូបសំណាកផ្សេងៗទៀត ដែលសង់រួចរាល់ហើយ សម្រាប់ត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

រូបសំណាកវប្បធម៌នៅវត្តភ្នំ

គិតមកដល់ថ្ងៃទី០៨ មេសា ២០២៦ អាជ្ញាធររាជធានីភ្នំពេញ អង្គភាពជំនាញ និងមន្ទីរពាក់ព័ន្ធទាំងអស់កំពុងខ្នះខ្នែងរៀបចំតុបតែងលម្អសោភ័ណភាពនៅតាមទីកន្លែងសំខាន់ៗ ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។

ការតុបតែងរមណីយដ្ឋាន

មន្ត្រីអាជ្ញាធររាជធានីបានបញ្ជាក់ថា៖ “សហភាពសហព័ន្ធយុវជនកម្ពុជាក៏កំពុងចូលរួមរៀបចំតុបតែងលម្អភូមិវប្បធម៌ និងទីតាំងផ្សេងៗដែរ។ នៅវត្តភ្នំ យើងមានរូបសំណាកសេះព័ណមាសដ៏អង់អាច រូបសំណាកចាប៉ីដងវែងធំ រួមជាមួយរូបសំណាកទូករាជហង្ស ទូករទេះសាលី មង្កុដយក្ស និងរូបសំណាកជាច្រើនទៀត ដែលកំពុងលេចរូបរាងស្រស់ស្អាត។”

រូបសំណាកសេះព័ណមាស

មន្ត្រីជំនាញវប្បធម៌វិចិត្រសិល្បៈបានពន្យល់បន្ថែមថា៖ “រូបសំណាកសេះព័ណមាសដ៏ធំអង់អាចនេះតំណាងឱ្យឆ្នាំមមី ធ្វើពីឬស្សី មានកម្ពស់ ៣.៨៩ម៉ែត្រ ដែលត្រូវបានដំឡើងនៅលើបល្ល័ង្កកម្ពស់ ៣ម៉ែត្រ ខាងមុខនាឡិកាធំវត្តភ្នំ រង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ។”

ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត

ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នឹងធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៩ មេសា ២០២៦ នៅតំបន់វត្តភ្នំ សួនច្បារវឌ្ឍនៈ ស្ពាននាគភ្លោះ ផ្លូវថ្មើរជើងចតុមុខ (Walk Street) បាសាក់លែន និងផ្សារទួលទំពូង។

ទីតាំងព្រឹត្តិការណ៍

កម្មវិធីនឹងមានពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈវប្បធម៌ លេងល្បែងប្រជាប្រិយ និងតាំងពិព័រណ៍ផលិតផលក្នុងស្រុក។

កម្មវិធីប្រពៃណី

អាជ្ញាធររាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍នេះ ដើម្បីរួមគ្នាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមម្លប់សន្តិភាព និងស្មារតីសាមគ្គីភាព។

ការអំពាវនាវចូលរួម

ដោយ៖ សំរិត

administrator

Related Articles