ហេតុការណ៍ឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅពេលដែលចៅស្រីបង្កើត ២ នាក់ បានចាក់សម្លាប់លោកយាយរបស់ខ្លួនដោយសារតែជម្លោះអំពីការហាមឃាត់មិនឲ្យមានស្នេហាក្នុងវ័យសិក្សា។

នគរបាលច្បារអំពៅទី២ បានឃាត់ខ្លួនជនសង្ស័យ សេង ច័ន្ទបូណ៍មី (១៩ឆ្នាំ) និង សេង ហេងសានីកា (១៨ឆ្នាំ) ដែលជាចៅស្រីបង្កើតរបស់ជនរងគ្រោះ ទី គង់ (៦៤ឆ្នាំ)។
តាមការសារភាពពីជនសង្ស័យទាំងពីរ ពួកគេបានធ្វើឃាតកម្មនៅយប់ថ្ងៃទី៥ មេសា ដោយប្រើកាំបិតចាក់ពីក្រោយខ្នងលោកយាយ ដោយសារតែគុំកួនយូរមកហើយចំពោះការហាមឃាត់មិនឲ្យមានស្នេហាក្នុងវ័យសិក្សា។
សមត្ថកិច្ចបានរកឃើញស្លាកស្នាមកាំបិតនៅលើសព ហើយបានស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យ។ បច្ចុប្បន្ន សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តទោសតាមផ្លូវច្បាប់។
