
ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញមូលហេតុច្បាស់លាស់ថា ការចង់ចាកចេញពីអង្គការសម្ព័ន្ធមិត្តយោធាណាតូ (NATO) គឺដោយសារតែអង្គការនេះបានបដិសេធមិនឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងកោះ Greenland ដែលជាទឹកដីដ៏មានតម្លៃ។

យោងតាមការបកស្រាយរបស់លោកត្រាំនៅថ្ងៃទី៦មេសា លោកបានប្រាប់ថា៖ «ប្រសិនបើមនុស្សចង់ដឹងការពិត រឿងទាំងមូលចាប់ផ្តើមនៅ Greenland។ យើងចង់បាន Greenland ប៉ុន្តែពួកគេ [ណាតូ] មិនចង់ប្រគល់កោះនោះមកយើងទេ។ ដូច្នេះខ្ញុំបាននិយាយថា «លាហើយ» ចំពោះអង្គការណាតូ។»
លោកត្រាំក៏បានរិះគន់សម្ព័ន្ធមិត្តមិនមែនជាសមាជិកណាតូផ្សេងទៀត រួមទាំងកូរ៉េខាងត្បូង អូស្ត្រាលី និងជប៉ុន ចំពោះការមិនជួយក្នុងសង្គ្រាមអ៊ីរ៉ង់។ ទោះជាយ៉ាងណា លោកបានសរសើរប្រទេសឈូងសមុទ្រ រួមទាំងអារ៉ាប៊ីសាអូឌីត គុយវ៉ែត បារ៉ែន កាតា និងអារ៉ាប់រួម ចំពោះការគាំទ្ររបស់ពួកគេ។

ជាងនេះទៅទៀត មេដឹកនាំអាមេរិកបានវាយប្រហារណាតូថាជា «ខ្លាក្រដាស» ដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មិនខ្លាចនោះទេ។ លោកនៅតែបន្តរិះគន់សម្ព័ន្ធមិត្តមួយនេះម្តងហើយម្តងទៀត ចំពោះការមិនគាំទ្រសហរដ្ឋអាមេរិកនៅក្នុងជម្លោះជាមួយអ៊ីរ៉ង់។

អត្ថបទ៖ សាង ស្រីល័ក្ខ
