ភ្នំពេញ៖ យុទ្ធនាការប្រមូលក្រមាចំនួន ១ម៉ឺនដើម្បីជូនដល់កងកម្លាំងជួរមុខ បានទទួលការឆ្លើយតបយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋកម្ពុជា ដោយទទួលបានក្រមាសរុបចំនួន ២២,៩៣៩ ក្រមា លើសពីកំណត់ដែលបានកំណត់។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងនៅថ្ងៃទី៨ មេសា ២០២៦ ថា៖ «យុទ្ធនាការ «១ម៉ឺនក្រមា» និងបណ្ណជូនពរ ជូនដល់បងប្អូនវីរកងកម្លាំងជួរមុខ គឺជាការបង្ហាញពីទឹកចិត្តនៃការរួបរួម ក្តីនឹករឭក និងការចងចាំជានិច្ចចំពោះគុណបំណាច់ដ៏ធំធេងរបស់បងប្អូនវីរកងកម្លាំង ពីយើងទាំងអស់គ្នានៅជួរក្រោយ។»

លោកបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ មីនា ដល់ថ្ងៃទី៤ មេសា ២០២៦ បានទទួលក្រមាសរុប ២២,៩៣៩ ក្រមា។ ក្នុងនោះ ការប្រគល់ជូនលើកទី១ នៅថ្ងៃទី៣១ មីនា មានចំនួន ៩,០៧២ ក្រមា ហើយក្រមាដែលនៅស្តុកបច្ចុប្បន្ន ចំនួន ១៣,៨៦៧ ក្រមា កំពុងត្រូវរៀបចំដើម្បីបញ្ជូនទៅជួរមុខជាបន្តបន្ទាប់។

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកតា លោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការនេះ ជាពិសេស ស្រីនា វិសាល ព្រមទាំងប្អូនៗស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងសម្របសម្រួលយុទ្ធនាការនេះ ដើម្បីបងៗវីរកងកម្លាំងរបស់យើង។» លោក ហ៊ុន ម៉ានី បានថ្លែងបន្ថែម។

យុទ្ធនាការនេះបង្ហាញពីស្មារតីរួបរួមជាតិ និងការគោរពចំពោះកងកម្លាំងការពារជាតិដែលតស៊ូនៅជួរមុខ។ ការឆ្លើយតបរបស់ប្រជាពលរដ្ឋបានលើសរំពឹងទុក ដែលបង្ហាញពីក្តីស្រឡាញ់ជាតិយ៉ាងជ្រាលជ្រៅ។
