
ខេត្តស្វាយរៀង៖ ករណីដ៏សោកសៅមួយបានកើតឡើងនៅពេលថ្ងៃត្រង់ នៅពេលដែលបុរសម្នាក់ដែលមានជំងឺសរសៃប្រសាទ បានយកគល់ឫស្សីវាយប្រពន្ធរបស់ខ្លួន បណ្តាលឱ្យស្លាប់នៅខាងមុខផ្ទះ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤:៤៥ រសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅភូមិតារក្ស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ មឿន អាយុ៦០ឆ្នាំ រីឯជនដៃដល់ជាប្តីឈ្មោះ រ៉ន អាយុ៦២ឆ្នាំ។ ជនសង្ស័យមានជំងឺសរសៃប្រសាទ ដោយសារញៀនស្រា ហើយពេលផឹកស្រាស្រវឹងប្រើហិង្សាលើគ្រួសារ។
តាមប្រភពដដែលបានបន្តថា ជនសង្ស័យធ្លាប់កាប់ប្រពន្ធបណ្តាលឱ្យរងរបួស២លើករួចមកហើយ ហើយត្រូវបានសមត្ថកិច្ចចាប់យកទៅអប់រំរួចឱ្យមកផ្ទះវិញ។

កូនៗរបស់គូស្វាមីភរិយាបានរៀបការរួចបែកផ្ទះទៅរស់នៅផ្សេង ចំណែកកូនប្រុសម្នាក់បានយកកូនប្រុសស្រីមកផ្ញើឪពុកម្តាយឱ្យជួយមើលចៅៗ។ ដោយកូនៗជាប់រវល់ទៅធ្វើការនៅរោងចក្រ មិននឹកស្មានថាឪពុកដែលមានជំងឺសរសៃប្រសាទរើឡើងវិញ និងវាយម្តាយ បណ្តាលឱ្យស្លាប់បែបនេះសោះ។

សមត្ថកិច្ចបានចុះព័ទ្ធចាប់បុរសជាប្តី អស់រយៈពេល១ម៉ោងទើបចាប់ខ្លួនបាននៅកន្លែងកើតហេតុ បញ្ជូនទៅអធិការដ្ឋានស្រុកស្វាយជ្រំ ដើម្បីសាកសួរ។ ក្រោយពីសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច បានប្រគលសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
