
រាជធានីភ្នំពេញ៖ នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាចៅស្រីបង្កើត ក្រោយពីបានធ្វើសកម្មភាពចាក់សម្លាប់យាយបង្កើតរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងដោយសារតែខឹងចំពោះការហាមឃាត់មិនឲ្យមានស្នេហាក្នុងវ័យសិក្សា។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅផ្ទះលេខ៣អា តាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ទី គង់ ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ដែលស្នាក់នៅផ្ទះកើតហេតុខាងលើ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ៖
១. សេង ច័ន្ទបូណ៍មី អាយុ១៩ឆ្នាំ
២. សេង ហេង សានីកា អាយុ១៨ឆ្នាំ
អ្នកទាំងពីរនាក់នេះស្នាក់នៅផ្ទះកើតហេតុជាមួយជនរងគ្រោះ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានការរាយការណ៍ពីគ្រួសារសាច់ញាតិថាមានមនុស្សស្លាប់នៅក្នុងមូលដ្ឋាន សមត្ថកិច្ចបានរាយការណ៍បន្តជូនមន្ត្រីជំនាញចក្ខុកោសល្យវិច័យ ហើយបានចុះទៅត្រួតពិនិត្យសព។ ក្នុងពេលនោះ គេបានរកឃើញមានស្លាកស្នាមកាំបិតពីក្រោយខ្នង។
កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ចំនួន២នាក់ ដែលជាចៅស្រីបង្កើត ហើយបាននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលរាជធានីភ្នំពេញ។
យោងតាមចម្លើយសារភាពពីជនសង្ស័យទាំង២នាក់ គេបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ពួកគេបានយកកាំបិតចុងស្រួចចាក់ទៅលើលោកយាយពីក្រោយខ្នង បណ្តាលឲ្យហូរឈាមស្លាប់តែម្តង។
មូលហេតុនៃការសម្លាប់នេះ គឺដោយសារតែពួកគេបានគុំកួនជាមួយលោកយាយជាយូរមកហើយ ដោយសារតែលោកយាយបានហាមឃាត់ពួកគេមិនឲ្យមានស្នេហាក្នុងវ័យសិក្សា។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យទាំង២នាក់ និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់។
