ខេត្តស្ទឹងត្រែង៖ ក្មេងទំនើងអាយុ១៥ឆ្នាំដែលបានបង្ហោះម៉ូតូលើស្ពានមេគង្គ ហើយថតជាវីដេអូបង្ហោះនៅលើបណ្ដាញសង្គម បានត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ។

លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានបញ្ជាឲ្យកម្លាំងជំនាញស្វែងរក និងនាំយកមុខសញ្ញាក្មេងទំនើងចំនួន០១នាក់ ដែលជាអ្នកបើកបរផ្ទាល់ បានធ្វើសកម្មភាពបង្ហោះម៉ូតូនៅលើស្ពានមេគង្គ។ សកម្មភាពនេះត្រូវបានថតជាវីដេអូ និងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុក ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ និងប៉ះពាល់សន្តិសុខសង្គម។
ក្មេងទំនើងដែលត្រូវចាប់ខ្លួនមានឈ្មោះ កាន់ រិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ មកពីភូមិស្រែក្រសាំង ឃុំស្រែក្រសាំង។ សកម្មភាពរបស់គាត់ត្រូវបានចាត់ទុកថាបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខូចសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានចាប់ខ្លួនក្មេងទំនើងចំនួន២នាក់ទៀតដែលពាក់ព័ន្ធនឹងករណីដូចគ្នា ខណៈមានម្នាក់ទៀតរត់គេចខ្លួន។ ក្មេងទំនើងទាំងនេះនឹងត្រូវធ្វើកិច្ចសន្យា អប់រំ និងណែនាំអំពីការប្រើប្រាស់យានជំនិះដោយសុវត្ថិភាព។
សកម្មភាពនេះត្រូវបានអនុវត្តតាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់លោក សរ សុពុត្រា អភិបាលគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីធានាសន្តិសុខសង្គម និងការប្រើប្រាស់ផ្លូវថ្នល់ដោយសុវត្ថិភាព។
