តម្លៃប្រេងធ្លាក់ខ្លាំង ក្រោយអាមេរិក-អ៊ីរ៉ង់ព្រមព្រៀងបទឈប់បាញ់ ២សប្តាហ៍

តម្លៃប្រេងធ្លាក់ខ្លាំង ក្រោយអាមេរិក-អ៊ីរ៉ង់ព្រមព្រៀងបទឈប់បាញ់ ២សប្តាហ៍

សហរដ្ឋអាមេរិក – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើច្រកសមុទ្រហ័រមូសត្រូវបានបើកឡើងវិញភ្លាមៗ និងដោយសុវត្ថិភាព។

កិច្ចចរចាសន្តិភាព

ទន្ទឹមជាមួយគ្នានោះ អ៊ីរ៉ង់ក៏បានយល់ព្រមជាផ្លូវការចំពោះបទឈប់បាញ់ ២សប្តាហ៍ និងឯកភាពបើកច្រកហ័រមូស បើការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលត្រូវបានបញ្ឈប់ភ្លាមៗ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសថា សម្រាប់រយៈពេល ២សប្តាហ៍នៃបទឈប់បាញ់ ការឆ្លងកាត់ដោយសុវត្ថិភាពតាមច្រកហ័រមូសនឹងអាចធ្វើទៅបាន តាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។

ច្រកហ័រមូស

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ កិច្ចចរចានឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

សំណើ ១០ ចំណុចរបស់អ៊ីរ៉ង់ សម្រាប់ការចរចាបញ្ចប់សង្គ្រាម រួមមានទាំងការឆ្លងកាត់តាមច្រកសមុទ្រហ័រមូសដែលសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ការបញ្ចប់សង្គ្រាមប្រឆាំងអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្ត និងដកកងកម្លាំងប្រយុទ្ធរបស់អាមេរិកចេញពីមូលដ្ឋានទ័ពក្នុងតំបន់មជ្ឈិមបូព៌ាទាំងអស់។

តម្លៃប្រេងធ្លាក់ខ្លាំង

តម្លៃប្រេងឆៅអន្តរជាតិបានបន្តដាំក្បាលចុះភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានប្រកាសពីបទឈប់បាញ់រយៈពេល ២សប្តាហ៍តាមលក្ខខណ្ឌ។ តម្លៃប្រេងឆៅប្រភេទ Brent ស្តង់ដារសកលបានធ្លាក់ចុះប្រហែល ១៣,៦% មកនៅត្រឹម ៩៤,៥០ ដុល្លារអាមេរិកក្នុង១បារ៉ែល។

ប្រេងដែលជួញដូរនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះប្រហែល ១៤.៣% មកនៅត្រឹម ៩៦,៨០ដុល្លារ/ប៉ារែល។ ដ្បិតតម្លៃប្រេងស្តង់ដារទាំងពីរកំពុងជួញដូរលើសពី ១០០ដុល្លារ/បារ៉ែល កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

អត្ថបទសរសេរដោយ វិរៈបុត្រ | កែសម្រួលដោយ ធីតា

administrator

Related Articles