ភ្នំពេញ៖ សមត្ថកិច្ចនគរបាលស្រុករវាង ខេត្តព្រះវិហារ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន១៥នាក់ ក្រោយក្រុមទាំងនេះបង្កហិង្សាវាយកាប់គ្នាដោយប្រើអាវុធគ្រប់ប្រភេទ បណ្ដាលឲ្យមានរបួសស្នាម។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២១:៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវលំឆ្ពោះទៅភូមិបង្កើនផល ឃុំរមទម ស្រុករវាង។ ក្រុមក្មេងទំនើងចំនួន២ក្រុម ដែលមានអារម្មណ៍កំហឹងក្នុងពេលផឹកស្រា បានបើកឆាកប្រយុទ្ធគ្នាដោយប្រើកាំបិត ពូថៅ ដំបង និងដំថ្ម។
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់បញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវយ៉ាងរហ័ស។ ក្រុមទី១មាន១២នាក់ស្នាក់នៅភ្នំរំដេង ចំណែកក្រុមទី២មាន១១នាក់ស្នាក់នៅភូមិបង្កើនផល និងភូមិអូរពោធិ៍។

ក្រោយពីសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនក្រុមក្មេងទំនើងទាំង១៥នាក់ ព្រមទាំងវត្ថុតាងរួមមាន ម៉ូតូ៧គ្រឿង ទូរស័ព្ទដៃ១០គ្រឿង នាឡិកា១គ្រឿង និងកាំបិតប័ងតោ១ ទៅសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី០៨ ខែមេសា។
សមត្ថកិច្ចនូវតែបន្តស្វែងរកជនសង្ស័យចំនួន៦នាក់ដែលរត់គេចខ្លួន ខណៈរបួស២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសម្រាប់ព្យាបាល។
