ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពិសេសអំពីស្ថានភាពអាកាសធាតុដែលនឹងប៉ះពាល់ដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។

របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើអាកាសធាតុទូទាំងប្រទេស។
១. តំបន់វាលទំនាប៖
សីតុណ្ហភាពនឹងមានពី ២៤°C ដល់ ៣៧°C ដោយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ដោយមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តដូចជា បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ នឹងមិនមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពនឹងមានពី ២៥°C ដល់ ៣៦°C ដោយខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានដោយមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ក៏នឹងមិនមានភ្លៀងធ្លាក់ដែរ។
៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពនឹងមានពី ២៤°C ដល់ ៣៦°C ដោយខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ដោយមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។

រលកសមុទ្រនឹងមានកម្ពស់មធ្យមពី ០,៥០ម៉ែត្រ ដល់ ១,០០ម៉ែត្រ។ ក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អក្នុងអំឡុងពេលនេះ។
