
ភ្នំពេញ៖ កម្ពុជាបានបង្ហាញភាពម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសអនឡាញស្កេម ដោយបានចាប់ខ្លួនជនបរទេសសរុប៣៩៨នាក់ ក្នុងប្រតិបត្តិការបោសសម្អាតចំនួន៤កន្លែង នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការដ៏ធំនេះបានធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រ ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ។

នៅរាជធានីភ្នំពេញ សមត្ថកិច្ចបានចុះឆែកឆេរកន្លែងពីរ ដោយឃាត់ខ្លួនជនបរទេស២១៨នាក់នៅខុនដូភ្នំពេញកាឡាក់ស៊ីហ្គាដេន និង២៧នាក់ទៀតនៅបុរីហ្គោឌែនឃី។ ក្រុមឧក្រិដ្ឋជនទាំងនេះបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្លែងបន្លំជានគរបាលជប៉ុន និងប្រើវិធីលួងលោមស្នេហា និងវិនិយោគដើម្បីឆបោកជនរងគ្រោះ។

នៅខេត្តកែប កម្លាំងសមត្ថកិច្ចបានចុះបង្រ្កាបផ្ទះជួលមួយកន្លែង ហើយឃាត់ខ្លួនជនបរទេស១៤នាក់ ខណៈនៅខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនបរទេស១៣៩នាក់ទៀតនៅកាស៊ីណូ អ័រគីដេ និងសណ្ឋាគារ។

ប្រតិបត្តិការនេះបង្ហាញពីភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសអនឡាញស្កេម ដែលក្លាយជាអាទិភាពខ្ពស់បំផុតមួយក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ។ ជនបរទេសទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលដើម្បីសាកសួរបំភ្លឺ និងធ្វើនីតិវិធីបន្ត។
