ប៉ារីស៖ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសំខាន់ៗ និងប្រកាសពីការទៅបំពេញទស្សនកិច្ចនៅភ្នំពេញនាខែវិច្ឆិកាខាងមុខ។

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី៩ ខែមេសា នេះពីសេចក្តីថ្លែងការណ៍របស់ឯកឧត្តម Emmanuel Macron បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស។
ឯកឧត្តម Macron បានថ្លែងថា៖ «សូមអរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស។

រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ។
តាមរយៈអង្គការហ្វ្រ័ងកូហ្វូនី (Francophonie) យើងក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះខ្ញុំនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា។ នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង។»
កិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង កំពុងរីកចម្រើនយ៉ាងរហ័ស ជាពិសេសក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងវិស័យវប្បធម៌ ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង។
