ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបញ្ជាក់ថា ទីក្រុងកៀវនឹងត្រៀមខ្លួនធ្វើដូចគ្នា ប្រសិនបើទីក្រុងមូស្គូបញ្ឈប់ការវាយប្រហារលើប្រទេសអ៊ុយក្រែន។

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធបណ្តាញសង្គម X លោក ហ្សេលេនស្គី បានសរសេរថា បទឈប់បាញ់គឺជាការសម្រេចចិត្តត្រឹមត្រូវដែលនាំទៅដល់ការបញ្ចប់សង្គ្រាម។ វាមានន័យថាការជួយសង្គ្រោះជីវិត ការបោះបង់ចោលការបំផ្លិចបំផ្លាញទីក្រុង និងភូមិនានា និងអនុញ្ញាតឲ្យរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដំណើរការជាធម្មតា។
លោក ហ្សេលេនស្គី បាននិយាយថា ស្ថានភាពនៅក្នុងតំបន់មានផលប៉ះពាល់ជាសកល ដោយព្រមានថា ការគំរាមកំហែងណាមួយចំពោះសន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងឈូងសមុទ្រ បង្កើនបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ច និងថ្លៃដើមនៃការរស់នៅក្នុងប្រទេសនីមួយៗ។

អ៊ុយក្រែនតែងតែអំពាវនាវឲ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមដែលធ្វើឡើងដោយរុស្ស៊ីនៅទីនេះក្នុងទ្វីបអឺរ៉ុប ប្រឆាំងនឹងរដ្ឋ និងប្រជាជនរបស់យើង ហើយយើងគាំទ្របទឈប់បាញ់នៅមជ្ឈិមបូព៌ា និងឈូងសមុទ្រ ដែលបើកផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។
ប្រធានាធិបតីអ៊ុយក្រែនប្រាប់រុស្ស៊ីម្តងទៀតថា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបវិញ ប្រសិនបើរុស្ស៊ីបញ្ឈប់ការវាយប្រហាររបស់ពួកគេ។ វាច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នាថា បទឈប់បាញ់អាចបង្កើតលក្ខខណ្ឌជាមុនត្រឹមត្រូវសម្រាប់កិច្ចព្រមព្រៀង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
