សារព័ត៌មាន AFP បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងយោធាអាមេរិកនឹងបន្តដាក់ពង្រាយនៅក្បែរប្រទេសអ៉ីរ៉ង់ ទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍ក៏ដោយ។

កាលពីថ្ងៃពុធ ទី៨ ខែមេសា លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា៖ «នាវា យន្តហោះ និងកងទ័ពអាមេរិកទាំងអស់ ព្រមទាំងគ្រាប់រំសេវ សព្វាវុធ និងអ្វីៗផ្សេងទៀតដែលសមស្រប នឹងដាក់ពង្រាយដដែលនៅជុំវិញប្រទេសអ៉ីរ៉ង់ រហូតទាល់តែកិច្ចព្រមព្រៀងពិតប្រាកដត្រូវសម្រេចបាន»។
លោកប្រធានាធិបតីបានគំរាមថា ការវាយប្រហារកាន់តែធំនិងខ្លាំងជាងមុននឹងធ្វើឡើងសាជាថ្មី ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀង។

បទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃអង្គារ ហាក់បានបង្ហាញសញ្ញារង្គោះរង្គើរួចជាស្រេច ដោយអ៉ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែកលើលីបង់ ខណៈដែលទីក្រុងវ៉ាស៉ីនតោនបាននិយាយផ្ទុយពីការអះអាងរបស់អ៉ីរ៉ង់។
ក្រុមមន្រ្តីអាមេរិកនិងអ៉ីរ៉ង់ គ្រោងបើកកិច្ចចរចានៅប្រទេសប៉ាគីស្ថាន នាថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីព្យាយាមបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍។

ដោយ៖ ធីរីណា
