ភ្លាមៗបន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ថា កងកម្លាំងសហរដ្ឋអាមេរិកនឹងនៅតែបន្តឈរជើងព័ទ្ធជុំវិញប្រទេសអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដត្រូវបានអនុវត្តតាម។

លោកត្រាំបានបង្ហោះសារលើបណ្តាញសង្គម Truth Social នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមេសា ឆ្នាំ២០២៦ ដោយថ្លែងថា៖ «រាល់នាវា, យន្តហោះ និងយោធាសហរដ្ឋអាមេរិកទាំងអស់ រួមជាមួយគ្រាប់រំសេវ គ្រឿងសព្វាវុធបន្ថែម នឹងបន្តនៅនឹងកន្លែង ទាំងក្នុងនិងជុំវិញប្រទេសអ៊ីរ៉ង់ រហូតទាល់តែកិច្ចព្រមព្រៀងពិតប្រាកដត្រូវបានគោរពតាមទាំងស្រុង»។
ប្រធានាធិបតីអាមេរិកបានព្រមានបន្ថែមថា៖ «បើមិនអនុវត្តតាមកិច្ចព្រមព្រៀង ការបាញ់ប្រហារនឹងចាប់ផ្តើមដែលនឹងកាន់តែធំ កាន់តែជឿនលឿន និងខ្លាំងក្លាជាងអ្វីដែលពិភពលោកធ្លាប់បានឃើញពីមុនមក»។
អនុប្រធានាធិបតីអាមេរិក JD Vance ក៏បានចេញមុខព្រមានអ៊ីរ៉ង់យ៉ាងខ្លាំងក្លាដែរ ដោយថ្លែងថា៖ «កុំឲ្យធ្វើរឿងល្ងង់ខ្លៅព្រោះតែការវាយប្រហាររបស់អ៊ីស្រាអែលនៅប្រទេសលីបង់»។ លោកបញ្ជាក់ថា អាមេរិកមិនដែលយល់ស្របថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហារនៅលីបង់ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់នេះឡើយ។

ភាពចម្រូងចម្រាសបានកើតឡើងនៅត្រង់ថា តើកិច្ចព្រមព្រៀងនេះគ្របដណ្តប់ដល់ប្រទេសលីបង់ដែរឬទេ? រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានលើកយកសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលការឈប់បាញ់នេះមកបង្ហាញ ដោយបញ្ជាក់ថា លីបង់គឺស្ថិតក្នុងកិច្ចព្រមព្រៀងនេះដែរ។
កងទ័ពអាមេរិកបច្ចុប្បន្នកំពុងត្រៀមគ្រឿងយុទ្ធភណ្ឌ និងសម្រាក ដើម្បីរង់ចាំមើលទៅមុខ ចំពោះការដណ្តើមជ័យជម្នះបន្ទាប់របស់ខ្លួន បើកិច្ចព្រមព្រៀងឈប់បាញ់នេះត្រូវបានបំពាន។
