រាជធានីឡុងដ៍ ប្រទេសអង់គ្លេស៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃចក្រភពអង់គ្លេស ក្នុងដំណើរបេសកកម្មនៅប្រទេសអង់គ្លេស។

កិច្ចពិភាក្សានេះផ្តោតលើទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ដែលមានរយៈពេល៧៣ឆ្នាំ ដោយភាគីទាំងពីរបាននិងកំពុងបន្តអភិវឌ្ឍរួមគ្នាលើវិស័យនានាជាច្រើន។ លោក ហ៊ុន ម៉ានី បានថ្លែងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ថា ជំនួបនេះពិតជាមានសារៈសំខាន់ ដោយភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់ ស្វែងរកចំណុចរួមជាច្រើន ក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបៃតងនិងថាមពលកកើតឡើងវិញ និងសកម្មភាពបោសសម្អាតមីន។ លោក ហ៊ុន ម៉ានី បានកត់សម្គាល់លើការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការវិនិយោគដោយផ្ទាល់របស់អង់គ្លេសនៅកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

លោក ហ៊ុន ម៉ានី បានបន្តថា ភាគីទាំងពីរក៏បានលើកឡើងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីការគាំទ្រ និងការចូលរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេស ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។ ជាពិសេស ការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
កិច្ចពិភាក្សានេះបានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ដែលបានអភិវឌ្ឍជាបន្តបន្ទាប់អស់រយៈពេល៧៣ឆ្នាំ និងកំពុងរីកចម្រើនថែមទៀតនៅក្នុងសម័យបច្ចុប្បន្ន។
ដោយ៖ សិលា
