ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងបានចំណាយពេលវេលាជាងកន្លះខែ និងថវិការាប់ម៉ឺនដុល្លារ ដើម្បីទិញសម្ភារអគ្គិសនីមកតុបតែងលម្អតាមស្ពាននានា ដើម្បីអបអរស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ប៉ុន្តែអស្ចារ្យណាស់ មានជនចង្រៃម្នាក់បានដើរលួចដោះយកអំពូលពណ៌ចម្រុះនៅតាមស្ពាននៅពេលយប់ស្ងាត់។ កម្លាំងអធិការដ្ឋានក្រុងបាត់ដំបងបានតាមក្របួចអូសកបានជននោះភ្លាមៗ ជាមួយនឹងអំពូលភ្លើងប្រមាណ១០គ្រាប់។
មន្ត្រីនគរបាលក្រុងបាត់ដំបងឲ្យដឹងថា អំពើចោរកម្មបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩មេសា នៅចំណុចលើស្ពានសម្ដេចក្រឡាហោម ស ខេង ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។

ក្រោយកើតហេតុបន្តិច កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាត់ដំបងបានចេញអន្តរាគមន៍តាមចាប់ខ្លួនជនចង្រៃម្នាក់នោះបានភ្លាមៗ ដែលកំពុងដើរកាន់អំពូលភ្លើងមួយចង្កោម។
តាមរបាយការណ៍ ជនអន្ធពាលម្នាក់នោះឈ្មោះ ម៉ែន សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា ប្រជាពលរដ្ឋបានរាយការណ៍អំពីអំពើចោរកម្មនេះ ពេលគេឃើញជននេះបាននិងកំពុងដើរដោះយកអំពូលនៅលើស្ពាន។
មន្ត្រីជំនាញបានចេញអន្តរាគមន៍ភ្លាមៗទៅកាន់ចំណុចកើតហេតុ និងបានប្រទះឃើញជនចង្រៃម្នាក់នេះដើរកាន់ថង់ច្រកអំពូល ទើបឃាត់ខ្លួនយកទៅសួរនាំតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចនិងវត្ថុតាងនៅក្នុងដៃជនអន្ធពាលនេះមិនបានបដិសេធទេ។ ជននេះបានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានដើរលួចដោះអំពូលភ្លើងពណ៌ចម្រុះនៅតាមស្ពានមែន។
ដើម្បីចូលរួមអបអរទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនាពេលដ៏ឆាប់ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំតុបតែងលម្អដោយភ្លើងពណ៌ចម្រុះនៅតាមបណ្ដាស្ពាននានា តាមដងស្ទឹងសង្កែ និងតាមដងផ្លូវនានានៅក្នុងក្រុងបាត់ដំបង។
ដោយឡែក ជនដែលដើរលួចដោះអំពូលភ្លើងពណ៌ចម្រុះដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ ទំនងមិនបានឃើញភ្លើងពណ៌ចម្រុះនាពេលរាត្រីក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរទេ។
