រាជធានីភ្នំពេញ – លោក គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ឥណ្ឌា លើកទី២៨ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

កិច្ចប្រជុំដ៏សំខាន់នេះបានពិនិត្យលើកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងពិភាក្សាអំពីទិសដៅអនាគតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងឥណ្ឌា។ កិច្ចប្រជុំបានផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រោមផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា (ឆ្នាំ២០២៦-២០៣០)។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពសំខាន់ៗក្រោមឆ្នាំនៃកិច្ចសហប្រតិបត្តិការលម្ហសមុទ្រអាស៊ាន-ឥណ្ឌា ២០២៦ និងផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗក្នុងតំបន់ និងអន្តរជាតិ។

លោក គង់ ភោគ បានចូលរួមក្នុងនាមជាតំណាងកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយឥណ្ឌា ដែលជាដៃគូសំខាន់មួយរបស់អាស៊ានក្នុងតំបន់។ កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹងសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ រួមមានពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ។
ដោយ៖ សិលា
