ភ្នំពេញ៖ ការបុកគ្នារវាងរថយន្តពីរគ្រឿងបានកើតឡើងនៅពេលយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយរថយន្តម៉ាក LEXUS GS300 បានបុកពីក្រោយរថយន្ត Chevrolet Tracker ដែលកំពុងឈប់រងចាំស្តុប។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត Chevrolet Tracker ផ្លាកលេខភ្នំពេញ 2BZ-1610 ពណ៌ស បានធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីកើតទៅលិច។ នៅពេលមកដល់ចំណុចស្តុប រថយន្តនេះបានបង្អង់ល្បឿនឈប់រងចាំ។

ស្រាប់តែមានរថយន្តម៉ាក LEXUS GS300 ផ្លាកលេខភ្នំពេញ 2R-0880 ពណ៌ស្ករ បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្ត Chevrolet Tracker យ៉ាងពេញទំហឹង។

ការបុកគ្នានេះបណ្តាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ សំណាងល្អដែលមិនបានបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០:៣០នាទីយប់។

ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តម៉ាក LEXUS GS300 បានសងសំណងទៅលើរថយន្ត Chevrolet Tracker ក្នុងការជួសជុល ដោយបញ្ចប់រឿងនៅកន្លែងកើតហេតុ។

អាជ្ញាធរចរាចរណ៍បានដាស់តឿនពលរដ្ឋឱ្យប្រយ័ត្នប្រយែងក្នុងការបើកបរ ជាពិសេសនៅពេលយប់ និងនៅតាមចំណុចស្តុប ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍។
