ខេត្តកំពង់ធំ៖ កម្លាំងនគរបាលស្រុកស្ទោងបានចាប់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីប្រព្រឹត្តអំពើឃាតកម្មកាប់សម្លាប់បុរសម្នាក់ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ក្នុងភូមិសំប៉ាន ឃុំម្សាក្រង។

មន្ត្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ រី រន អាយុ៣៤ឆ្នាំ ត្រូវបានចោទថាប្រើពូថៅកាប់សម្លាប់ជនរងគ្រោះឈ្មោះ ជា វណ្ណៈ អាយុ៣២ឆ្នាំ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ដោយសារគំនុំផ្ទាល់ខ្លួន។

ក្រោមការដឹកនាំរបស់ស្នងការនគរបាលខេត្តកំពង់ធំ និងអធិការនគរបាលស្រុក កម្លាំងជំនាញបានចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យបានជោគជ័យ ព្រមទាំងដក ហូតពូថៅជាវត្ថុតាង បន្ទាប់ពីជនសង្ស័យប្រព្រឹត្តល្មើសបានតែបន្តិច។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ រៀបចំពិធីបុណ្យតាមប្រពៃណី។

