ភ្នំពេញ – កូរ៉េខាងជើងបានធ្វើការសាកល្បងបាញ់ប្រព័ន្ធអាវុធយោធាជាច្រើនប្រភេទ ក្នុងរយៈពេលតែ ៣ថ្ងៃជាប់ៗគ្នា ក្នុងសប្ដាហ៍នេះ ដោយរួមមានទាំងការបាញ់សាកល្បងមីស៊ីលបាលិស្ទិក និងគ្រាប់បែកចង្កោម។

សារព័ត៌មានកូរ៉េខាងជើង KCNA ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់ចេញផ្សាយ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមេសា ឆ្នាំ២០២៦ ថា ប្រព័ន្ធអាវុធដែលត្រូវបានធ្វើតេស្ដក៏មានផងដែរប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លីប្រឆាំងយន្ដហោះចម្បាំង។
តាម KCNA ការធ្វើតេស្ដបានធ្វើឡើងកាលពីថ្ងៃចន្ទ ថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាប្រចាំរបស់កូរ៉េខាងជើងក្នុងការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធអាវុធ។

កូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានអះអាងថាកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ និងមីស៊ីលមួយគ្រាប់កាលពីថ្ងៃអង្គារ។ ក្នុងនោះមីស៊ីលដែលត្រូវបានធ្វើតេស្ដ កាលពីថ្ងៃពុធ មានមីស៊ីលមួយគ្រាប់ហោះបានរយៈចម្ងាយ ៧០០គីឡូម៉ែត្រ មុនធ្លាក់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន។
ប៉ុន្តែ KCNA មិនបានបញ្ជាក់ថាតើលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការធ្វើតេស្ដទាំងនេះដែរឬក៏អត់នោះទេ ខណៈមិនទាន់មានការបញ្ចេញរូបភាពនៃការធ្វើតេស្ដនៅឡើយទេ។
