ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលសម្រាប់មន្ត្រីយោធាជាន់ខ្ពស់បានបើកធ្វើឡើងជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែមេសា នៅសកលវិទ្យាល័យការពារជាតិចិន។ ពិធីនេះមានការចូលរួមពីលោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន។

ក្នុងសុន្ទរកថាគន្លឹះរបស់ខ្លួន លោកស៊ី ជីនពីងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំសំខាន់។ លោកបានអំពាវនាវឱ្យមានការអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតស្ដីពីការកសាងកងទ័ពដ៏ខ្លាំងក្លាក្នុងយុគសម័យថ្មី។
លោកបានពន្យល់ថា៖ “យើងត្រូវធ្វើការកែតម្រូវចិត្តគំនិត ពង្រឹងការបណ្ដុះបណ្ដាលខាងនយោបាយ និងពង្រឹងការលត់ដំជាលក្ខណៈបដិវត្តន៍ចំពោះក្រុមមន្ត្រីយោធាជាន់ខ្ពស់។ នេះគឺដើម្បីអបអរទទួលខួបមួយរយឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិនតាមរយៈមុខមាត់នយោបាយដ៏ថ្មីស្នាដៃ។”

លោកស៊ី ជីនពីងបានបញ្ជាក់យ៉ាងច្បាស់ថា៖ “គណបក្សរបស់យើងគឺជាគណបក្សប្រកាន់លទ្ធិម៉ាក្សនិយមដែលតំណាងឱ្យផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនជានិច្ច។ យើងគ្មានផលប្រយោជន៍ពិសេសផ្ទាល់ខ្លួនណាមួយនោះទេ។ រាល់គំនិតនិងទង្វើទាំងអស់ដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននិងប្រព្រឹត្តិអំពើពុករលួយគឺផ្ទុយស្រឡះពីចរិតលក្ខណៈនិងកម្មវត្ថុរបស់គណបក្សយើង។”
ក្នុងសុន្ទរកថា លោកបានបង្ហាញពីជំនឿជឿជាក់យ៉ាងពេញទំហឹងថា ក្រោមការណែនាំនៃគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី កងទ័ពរំដោះប្រជាជនចិនប្រាកដជាអាចបើកទំព័រថ្មីក្នុងការកសាងសមត្ថភាពកងទ័ពដ៏ខ្លាំងក្លា។

លោកបានថ្លែងថា៖ “តាមរយៈសាមគ្គីភាពនិងការរួបរួមគ្នាដែលមិនធ្លាប់មានកាលពីមុនមក ក្រោមលក្ខខណ្ឌនៃប្រវត្តិសាស្ត្រថ្មី យើងនឹងសម្រេចបាននូវជោគជ័យថ្មីៗក្នុងការកសាងកងទ័ពជាតិរបស់យើង។”
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងរយៈពេលពីរសប្ដាហ៍ ដោយមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបពីតំបន់នានានៃប្រទេសចិន។ ពិធីនេះគឺជាផ្នែកមួយនៃយុទ្ធនាការបណ្ដុះបណ្ដាលមន្ត្រីយោធារបស់រដ្ឋាភិបាលចិន ដើម្បីបង្កើនសមត្ថភាពការពារជាតិនិងសន្តិសុខជាតិ។
ប្រភព៖ CCFR
