បន្ទាប់ពីមានការផ្អាកការបាញ់គ្នាជាបណ្តោះអាសន្ន អ៊ីរ៉ង់បានស្នើសុំឲ្យចិន និងរុស្ស៊ីធ្វើជា “អ្នកធានាសន្តិសុខ” ដើម្បីការពារកុំឲ្យសហរដ្ឋអាមេរិកវាយប្រហារម្តងទៀត។

លោក Abdolreza Rahmani Fazli ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប៉េកាំង បានបង្ហាញថា ប្រទេសរបស់គាត់ចង់បានការធានាពីសហគមន៍អន្តរជាតិ ជាពិសេសពីចិន និងរុស្ស៊ី ដើម្បីធានាសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា។
ក្នុងសន្និសីទកាសែត លោក Fazli បានថ្លែងថា៖ “យើងត្រូវការការធានាដែលគួរឲ្យទុកចិត្តពីសហគមន៍អន្តរជាតិ ដើម្បីការពារកុំឲ្យសង្គ្រាមផ្ទុះឡើងវិញតាមអំពើចិត្តភាគីណាមួយ។”

ការអំពាវនាវនេះមកបន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ បានផ្អាកការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេល២សប្តាហ៍ ដើម្បីផ្តល់ឱកាសចរចាបទឈប់បាញ់។ លោកត្រាំខ្លួនឯងក៏បានទទួលស្គាល់ថា ចិនដើរតួយ៉ាងសំខាន់ក្នុងការជំរុញអ៊ីរ៉ង់ចូលតុចរចា។
លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា អ៊ីរ៉ង់ក៏សង្ឃឹមលើប្រទេសអ្នកសម្របសម្រួលផ្សេងទៀតដូចជា ប៉ាគីស្ថាន និងតួកគី ដើម្បីរួមដៃថែរក្សាសន្តិភាពក្នុងតំបន់។

អ៊ីរ៉ង់បានសង្កត់ធ្ងន់ពីទំនាក់ទំនងជិតស្និទ្ធជាមួយចិន និងការសហការយ៉ាងសំខាន់ក្នុងការឈានទៅរកសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា។
