ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយផ្លូវការចាប់ពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានប្រចាំការនៃគណៈកម្មការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រកាសថា ច្បាប់ថ្មីនេះនឹងជួយកម្ពុជាកម្ចាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាឱ្យអស់ និងមិនឱ្យវិលត្រឡប់មកវិញឡើយ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយវឌ្ឍនភាពដល់ឯកអគ្គរដ្ឋទូត តំណាងអង្គទូត និងអង្គការអន្តរជាតិចំនួន ៥៥រូប លោកបានរំលេចថា កិច្ចសហប្រតិបត្តិការអន្តរជាតិជាសសរស្តម្ភសំខាន់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននេះ។

ច្បាប់ថ្មីមាន៥ជំពូក និង២៤មាត្រា ដោយបង្កើតបទល្មើសព្រហ្មទណ្ឌថ្មី៥ប្រភេទ៖
១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
២. បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក
៣. បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃ
៤. បទប្រមូលឯកសារអត្តសញ្ញាណអ្នកដទៃ
៥. បទល្មើសសម្អាតប្រាក់

ទោសធ្ងន់បំផុតគឺជាប់ពន្ធនាគាររហូតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១០០០លានរៀល រួមទាំងការរឹបអូសទ្រព្យសម្បត្តិ។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានស្នើឱ្យអង្គទូតផ្សព្វផ្សាយច្បាប់នេះទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួន និងអំពាវនាវឱ្យអ្នកដែលជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកចេញមកសារភាព។

កម្ពុជាក៏បានថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិក និងចិន ដែលបានសហការតាមរយៈ FBI, Homeland Security និងក្រសួងសន្តិសុខសាធារណៈចិន។

អង្គប្រជុំទាំងមូលបានសាទរដល់កម្ពុជាចំពោះវឌ្ឍនភាពក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ឱ្យអនុវត្តច្បាប់ថ្មីនេះ។

ការអនុវត្តច្បាប់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការពារប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។
